• ភាសាខ្មែរ
  • English

News and Events

រដ្ឋមន្ត្រីពាណិជ្ជកម្មអារ៉ាប់រួមគ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើមឆ្នាំក្រោយ

2011-11-14, 09:45

   រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអារ៉ាប់រួមគ្រោងនឹង មកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាដើម្បីសិក្សាពីទីផ្សារអង្ករនៅកម្ពុជានៅដើមឆ្នាំក្រោយ។
   លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅក្នុងសន្និសីទ កាសែតកាលពីថ្ងៃទី៦ ខែវិច្ឆិកា បន្ទាប់ពីដឹកនាំគណៈប្រតិភូអ្នកនាំចេញអង្ករកម្ពុជាទៅចូលរួមពិព័រណ៍អង្ករនៅក្នុង ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមថា «តាមការអញ្ជើញរបស់ខ្ញុំ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអារ៉ាប់រួមនឹងមកពិនិត្យ សក្ដានុពលទីផ្សារអង្កររបស់កម្ពុជានៅដើមឆ្នាំក្រោយនេះ»។ លោកបានឲ្យដឹងថា អារ៉ាប់រួម ឬសហភាពអារ៉ាប់ អេមីរ៉ាត នេះគឺជាប្រទេសតូចមួយទេ ប៉ុន្តែអាចជាទីផ្សារអង្កររបស់កម្ពុជាដ៏មានសក្ដានុពល ដោយសារតែប្រទេស នេះគឺជាប្រទេសដែលនាំចូលហើយនាំចេញអង្ករវិញដ៏ធំនៅក្នុងតំបន់មជ្ឈឹមបូព៌ា។
   លោកបានឲ្យដឹងទំហំពាណិជ្ជកម្មអង្កររបស់ប្រទេសអារ៉ាប់រួមនេះមានតម្លៃរហូតដល់ទៅជាង ១.៤០០លានដុល្លារ។ លោកបានបញ្ជាក់ថា«បើអារ៉ាប់រួមគេមានលុយ១.៤០០លានដុល្លារនេះ ហើយកម្ពុជាយើង មានអង្ករលក់មួយឆ្នាំប្រមាណជា ២,៤លានតោន វាគឺជាឱកាសមួយសម្រាប់ជំរុញពាណិជ្ជកម្មអង្ករប្រទេស ទាំងពីរ»។
   លោកបានឲ្យដឹងថា តាមការគ្រោងទុកគណៈប្រតិភូក្រសួងពាណិជ្ជកម្មនេះនឹងមកសិក្សាអំពី ទីផ្សារ និងសក្កានុពលអង្ករនៅក្នុងប្រទេសកម្ពុជាក្រោយពេលដែលពាណិជ្ជកម្មអង្កររបស់គេអាចមានផលប៉ះពាល់ ខ្លះដោយសារតែទឹកជំនន់នៅថៃ។
   តាមប្រសាសន៍របស់លោក ចម ប្រសិទ្ធ នៅក្នុងអំឡុងពេលចូលរួមតាំងពិព័រណ៍អង្ករអន្តរជាតិ នៅក្នុងទីក្រុងឌូបៃនេះ កម្ពុជានិងប្រទេសអារ៉ាប់រួម ព្រមទាំងប្រទេសនៅតំបន់មជ្ឈឹមបូព៌ាផ្សេងៗទៀតមិនបាន ឈានដល់ការចុះកិច្ចព្រមព្រៀងណាមួយនៅឡើយទេ។
   លោករដ្ឋមន្រ្តីបានឲ្យដឹងថា ការចូលរួមពិព័រណ៍នេះ គឺគ្រាន់តែជាឱកាសដែលពាណិជ្ជករអង្ករខ្មែរ និងអារ៉ាប់សិក្សា និងស្វែងយល់ពីទីផ្សារ និងសក្ដានុពលរវាងគ្នានឹងគ្នាជំហានដំបូងប៉ុណ្ណោះ។
   ក្រុមហ៊ុនកម្ពុជាដែលបានចូលរួមនៅក្នុងពិព័រណ៍អង្ករអន្តរជាតិនៅឌូបៃនោះមាន៥ក្រុមហ៊ុន។
យោងទៅតាមតួលេខពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០១១នេះ តម្លៃនៃការ នាំចេញអង្កររបស់កម្ពុជា គឺមានតម្លៃរហូតដល់ទៅ៦៨,៤លានដុល្លារពោលគឺបានកើនឡើងលើពី៩ខែឆ្នាំ២០១០ ដែលពេលនោះកម្ពុជាអាចនាំចេញនៅក្នុងតម្លៃត្រឹមតែ២២លានដុល្លារតែប៉ុណ្ណោះ។

 

ប្រភព៖ រស្មីកម្ពុជា ឆ្នាំទី១៩ លេខ៥៦៥០ ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១១

Go back



Write a comment / Suggest improvements of this web page